នាព្រឹកថ្ងៃច័ន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្រ្តីជំនាញជាន់ខ្ពស់ មន្រ្តីជំនាញនៃ អ.គ.ហ បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃយន្តការសម្របសម្រួលការកែទម្រង់ ៣ បូក ១ (យ.ស.ក.) នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី និងអង្គភាពក្រោមឱវាទរបស់ កសហវ.។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈ៖
១. វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ និងផែនការសកម្មភាពប្រចាំឆ្នាំ២០២៤
២. ការពិភាក្សាបញ្ចូលអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ក្នុង យ.ស.ក.
៣. ផ្សេងៗ។